Tuesday, July 17, 2018

Illusionary Days to Rella


ទីងៗ ទីងៗ

ភ្លើងចរាចរណ៏សំរាប់អ្នកដំណើរថ្មើរជើងកំពុងតែស្ថិតក្នុងភ្លើងបៃតង​ រេឡារត់ត្រហេបត្រហបឆ្លងផ្លូវខ្លាចខកខានមិនទាន់ ដែលកំពុងស្ពាយកាតាបសាក់កាដូពណ៍ផ្ទៃមេឃបែកប្រផេះ ដៃម្ខាងកាន់អាវធំពណ៍ផ្កាឈូកខ្ចី និងដៃម្ខាងទៀតកាន់ខ្នើយពណ៍លឿងទុំស្រស់រូបក្បាលតុក្កតាកូនឆ្កែស្នូបភី (Snoopy)។ ជាមួយមុខសស្រស់ សក់ក្រាស់វែងទំលាក់ដល់ចង្កេះតែមិនរញ៉េរញ៉ៃ សក់មុខរៀបចំសមរម្យអាចឲ្យឃើញមុខបានច្បាស់ ចិញ្ចើមគូសខ្វង់ បបូរមាត់ពណ៍ទឹកក្រូចស្រាល ពាក់អាវកតាំងពណ៍ស ខោខ្មៅគូថវែងនិងស្បែកជើងពណ៍ទឹកក្រូចដូចបបូរមាត់ រេឡាមើលទៅរាងស្រស់បន្តិចដែរ។

ដើរតំរង់ក្លោងទ្វារក្រុមហ៊ុន មានបុគ្គលិកម្នាក់ឃើញរេឡាពីចំងាយ គាត់មើលនាងដោយប្រយោលស្របពេលគាត់ឡើងជណ្តើរ ក៏ជំពប់ជើងប៉ិះនិងដួល។ រេឡាធ្វើជាមិនចាប់អារម្មណ៍តែក៏បានញញឹមដាក់បងប្រុសម្នាក់នោះបន្តិចជាការគួរសមព្រោះជាបុគ្គលិកស្គាល់គ្នា ដែលបែបនេះបែរជាធ្វើឲ្យគាត់សើចស្ទាក់ស្ទើររាងអៀនហើយក៏ឡើងជណ្តើរជើងជំនួសជណ្តើរយន្តទៅបាត់។
កំពុងធ្វើការ មានឯកសារតំរូវធ្វើឡើងវិញ រេឡាបានខលប្រាប់ហើយបុគ្គលិកនោះក៏យកឯកសារមកឲ្យម្តងទៀតតែរេឡាមិននៅ  ដូចច្នេះបុគ្គលិកផ្សេងទៀតព្រមទទួលឯកសារជំនួសរេឡា តែបុគ្គលិកម្នាក់នោះមិនព្រមឡើយ ចាំរហូតទាល់តែជួបរេឡា។ គ្រប់គ្នាគិតថាគាត់ប្រហែលមានការសំខាន់អីត្រូវនិយាយជាមួយរេឡា តែតាមពិតគ្មានទេ បុគ្គលិកម្នាក់នោះគ្រាន់តែចាំរេឡា ហុចឯកសារឲ្យនាងហើយញញឹមញញែម ក៏ចេញទៅបាត់ទៅ។ ហេហេហេហេ!
ល្ងាចបន្តិច​ បងប្រុសផ្នែកបង្វឹកការងារ ចូលមកប្រកាសប្រាប់បុគ្គលិកឲ្យកុំភ្លេចទៅចូលរៀន​ គាត់មើលរេឡារាងភ្ញាក់បន្កិចហើយក៏ដើរចេញទៅ។ រេឡាទទួលអារម្មណ៍ថាគាត់និងងាកមុខមកមើលនាងម្តងទៀត ពិតប្រាកដមែន គាត់ក៏ងាកមកមើលនាងម្តងទៀតមែនដែលធ្វើឲ្យរេឡាសើចស្ញាញព្រោះវាដូចអ្វីដែលនាងបានគិត តែការដែលនាងសើចបែបនេះបែរជាធ្វើឲ្យបងប្រុសផ្នែកបង្វឹកការងារគិតថានាងសើចដាក់ ក៏សើចស្រស់មករកនាងវិញ។

ថ្ងៃបន្ទាប់ កំពុងឈរចាំជណ្តើរយន្ត តីងៗ ជណ្តើរយន្តបើកភ្លាម បុគ្គលិកដែលឈរចាំដែរនាំគ្នាប្រញាប់ដើរចូល រេឡាក៏ទុកឲ្យគេទៅមុនព្រោះគិតថាពេញទៅហើយ បុន្តែបុគ្គលិកម្នាក់ញញឹមហៅនាងចូលម្នាក់ទៀត។ រេឡាក៏ដើរចូល ដែលបុគ្គលិកម្នាក់នោះក៏និយាយតិចៗតែម្នាក់ឯងថា ឲ្យតែឃើញស្រីស្អាតឈរចាំជណ្តើរយន្ត ចេះតែអាណិត ហេហេហេ (គាត់សើច)។ ចៃដន្យមានបុរសម្នាក់ទៀតលឺ ក៏ឆ្លើយឆ្លងថា គេស្អាតគេមានម្ចាស់ចិត្តបាត់ទៅហើយ! បុរសមុខញញឹមក៏បន្តថាមានម្ចាស់ចិត្តគឺមាននៅផ្ទះ នៅផ្ទះរបស់គេ នៅក្រៅរបស់យើង (ហើយគាត់ក៏ដៀងភ្នែកមើលរេឡា ---ញញឹមទៀតហើយ---)។
រេឡាកំពុងរត់ឡើងជណ្តើរក៏ពើបនិងបុគ្គលិកម្នាក់ទៀត គាត់និយាយមកកាន់រេឡាថា អេ! ជួបគ្នាទៀតហើយ! (ជាមួយទឹកមុខប្រឹមប្រៃ)។ រេឡាកំពុងរកនឹកថាជួបគ្នានៅឯណា ក៏នឹកឃើញថាបានជួបគ្នានាពេលឈប់ម៉ូតូចាំស្តុបឆ្លងផ្លូវ! កាលពេលឈប់ចាំស្តុប រេឡាគិតថាប្រហែលជាគាត់ច្រឡំមនុស្ស តែដោយគាត់សើចដាក់នាងទៅហើយ នាងក៏សើចដាក់វិញតិចៗ។ តាមពិតទៅគឺគាត់ប្រហែលស្គាល់នាងតាមរយះការណែនាំពីក្រុមរបស់នាង ថានាងជាបុគ្គលិកថ្មី។
បើបងប្រុសម្នាក់នោះវិញនិយាយថា រេឡាឆាមម៉ីង (Charming) ព្រោះពេលនាងនិយាយម្តងៗ សំលេងគួរឲ្យចង់ស្តាប់ មុខញញឹមស្រស់ថែមទាំងថ្ពាល់ខួចទៀតផង ទាក់ទាញ!

អ្នកទាំងអស់គ្នាហាក់ស្វាគមន៏រេឡាដោយរួសរាយរាក់ទាក់ ពួកគេហាក់ចូលចិត្តមើលនាង តែមិនដឹងចូលចិត្តមើលនាងដោយយល់ថានាងស្អាត រឺយល់ថានាងចម្លែកទេ ព្រោះនាងគឺ70គីឡូក្រាម! មើលទៅមិនមែនធាត់លំៗទេ! ហាហាហា

No comments:

Post a Comment

New page is loading…

I’ve been through a path I chose myself, my professional journey. I believed I would deliver the best result and met my stakeholder’s expect...